ឃាត់ខ្លួនថៅកែហាង ជំនោរបឹងលាភ ពាក់ព័ន្ធទៅនឹងករណីផ្តល់ទីកន្លែងសម្រាប់ពេស្យាចារ (បម្រើផ្លូវភេទលើអនីតិជនអាយុក្រោម ១៥ឆ្នាំ)
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនិកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវ និងសហការជាមួយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកពញាឮ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្តីប្រពន្ធជាម្ចាស់អាហារដ្ឋានយីហោ ជំនោរបឹងលាភ KTV 168។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធជាម្ចាស់ហាង ខាងលើ គឺបន្ទាប់ពីមានបណ្តឹងរបស់ក្មេងស្រីវ័យ១៤ឆ្នាំជាអនីតិជន ប្តឹងពីបទបញ្ឍប់បុគ្គលិកមិនបើកប្រាក់ខែ ជេរប្រមាថ បង្ខំឲ្យបំរើផ្លូវភេទ បៀតបៀនកេរ្តិ៍ខ្មាស់ ជួញដូរផ្លូវភេទ និងឃាត់បិតសិទ្ធមិនអោយចេញក្រៅ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនិកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតនិងបានរកឃើញថាម្ចាស់ហាង KTV ពីរនាក់ប្តីប្រពន្ធ ខាងលើពិតជាបានផ្តល់ទីកន្លែងសម្រាប់ពេស្យាចារ (បម្រើផ្លូវភេទ)។
ជនសង្ស័យពីរនាក់ មានឈ្មោះ ជុំ ជឿន ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរម្ចាស់អាហារដ្ឋាន និង ខារ៉ាអូខេយីហោ ជំនោបឹងលាភ KTV 168 និងឈ្មោះ ងិន សុខន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរមុខរបរ ម្ចាស់អាហារដ្ឋាន និង ខារ៉ាអូខេយីហោ ជំនោបឹងលាភ KTV 168 មានទីលំនៅភូមិ ទួលព្រិច ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ចំណែកជនរងគ្រោះមានចំនួន៣នាក់ ក្នុងនោះជាអនីតិជនក្រោមអាយុ១៥ឆ្នាំចំនួន០២នាក់ មាន៖
១-ឈ្មោះ កឈអ ភេទស្រី អាយុ១៤ឆ្នាំ ០៣ខែ ១៧ថ្ងៃ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិកន្ទួតគងកាង ឃុំថ្នល់ថ្មី ស្រុកពញាក្រែក ខេត្តកំពង់ចាម (ជាអនីតិជន)។
២-ឈ្មោះ វសន ភេទស្រី អាយុ ១៤ឆ្នាំ ០៦ខែ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិ៣៨ ឃុំលើកដែក ស្រុកស្អាង ខេត្តកណ្តាល (ជាអនីតិជន)។
៣-ឈ្មោះ ឡសផ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ចំពោះជនសង្ស័យជាម្ចាស់ហាងទាំងពីរនាក់ប្តីប្រពន្ធខាងលើនេះ ត្រូវបានមន្ត្រីជំនាញកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីបន្តនីតិវិធីច្បាប់។
សូមបញ្ជាក់ដែរថា៖ នារីរងគ្រោះជាអនីតិជនទាំងនោះ ក៏ទទួលបានការឧបត្ថម្ភគាំទ្រផ្នែកការពារផ្លូវច្បាប់ ពីអង្គការមេត្រីអន្តរជាតិ AIM ដែលមានលោក សុឹម រិទ្ធីយ៉ា ប្រធានក្រុមស៊ើបអង្កេត ដឹកនាំក្រុមការងារចុះសួរសុខទុក្ខក្មេងៗរងគ្រោះ ថែមទាំងបានផ្តល់នូវថវិកាមួយចំនួនសម្រាប់ការធ្វើដំណើរវិលទៅស្រុកកំណើតជួបជុំគ្រួសារ។
សូមបញ្ជាក់ថែមទៀតដែរថា ក្មេងស្រីដែលរងគ្រោះ ទាំងនោះ សព្វថ្ងៃនេះមានជីវភាពខ្វះខាតយ៉ាងខ្លាំង ទើបសម្រេចចិត្តមករកការងារធ្វើ ដើម្បីបានលុយផ្តល់ឲ្យគ្រួសារ! តែជាអកុសលមានសំណាងមិនល្អត្រូវបានថៅកែឲ្យទៅបម្រើការងារផ្លូវភេទដោយឲ្យដេកជាមួយភ្ញៀវ ដើម្បីយកតម្លៃកន្លែងគេងក្នុងបន្ទប់៕