
ទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ កំពុងតែបើកដំណើរការយ៉ាងរំភើយ ខណៈលោក ឯម ភារី មេប៉ុស្តិ៍នគរបាល រក្សាភាពស្ងៀមស្ងាត់

លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ៣ នៃអធិដ្ឋានខណ្ឌមានជ័យ កំពុងតែដេកលង់លក់ក្នុងម៉ាស៊ីនត្រជាក់យ៉ាងស្កប់ស្កល់ ដោយគ្មានខ្វល់ពីបញ្ហាល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានបន្តិចសោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងចំណុចតារាងបាល់ទះ នៅជាប់បូរីម៉េងលី នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការល្បែងស៊ីសងខុសច្បាប់ជល់មាន់តាមទូរទស្សន៍អនឡាញ ដោយគ្មានការបង្ក្រាបទប់ស្កាត់ពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នោះទេ។
ប្រភពព័ត៌មានបានបន្ថែមទៀតថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គឺបើកដំណើរការជាច្រើនខែមកហើយ ចំណែកឯលោក ឯម ភារី មេប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ៣ ក៏បានដឹងដែរ តែមិនដែលឃើញបង្ក្រាបនោះទេ ពោលគឺមានតែបណ្តែតបណ្ដោយ ឲ្យម្ចាស់ធ្វើអ្វីៗស្រាប់តែអំពើចិត្ត។
បញ្ហាខាងលើនេះមហាជនជាច្រើនស្នើសុំដល់លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕




